Friday, August 4, 2017

ឈ្នះ​មួយ​ប្រកួតនៅស៊ីហ្គេម បាល់ទាត់​ U22 កម្ពុជា នឹង​បាន​ម្នាក់២ពាន់ដុល្លារ​


សមាជិក​ក្រុម​បាល់ទាត់ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម២២ឆ្នាំ នឹងទទួល​បាន​ម្នាក់២០០០ដុល្លារអាមេរិកពីក្រុមហ៊ុនស្រាបៀរអង្គរ ក្នុងជ័យជម្នះ​មួយលើកៗ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០១៧ នៅ​ប្រទេសម៉ាឡេស៊ី នៅ២សប្ដាហ៍ទៀត។ នេះ​បើ​តាម​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា។
គួរ​បញ្ជាក់​ថា U​22 ​កម្ពុជា ស្ថិត​នៅ​​ពូល B​ ​នៃ​​ព្រឹត្តិការណ៍ស៊ី​ហ្គេម ​ជាមួយនឹ​ងថៃ​, ​វៀតណាម, ឥណ្ឌូនេស៊ី, ​ទីម័រខាង​កើត និង ​ហ្វីលីពីន​៕

នាំមកជូនដោយ​ : KhmerBall.Com
Ronaldo ចង់​ត្រលប់​ទៅ​អង់គ្លេស​វិញ​ ​ព្រោះ​រឿង​ដដែល​ៗ

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្នុង​ពិភព​លោក Cristiano Ronaldo ​បាន​សម្ដែង​ការ​​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ មិន​បាន​បង់​ពន្ធ​​​នៅ​ប្រទេស​អេស្ប៉ាញ​ និង​​បាន​​បង្ហាញ​គំនិត​ចង់​វិល​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ។


តារា​បាល់​ទាត់​របស់​ក្លឹប Real Madrid រូប​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បោក​បញ្ឆោត​អាជ្ញាធរ​ពន្ធដារ​អេស្ប៉ាញ​ក្នុង​តម្លៃ ១៤.៧ លានអឺរ៉ូ។ ពាក់ព័ន្ធ​បញ្ហា​នេះ Ronaldo បាន​និយាយ​ថា ៖ « នៅ​ប្រទេស​អង់គ្លេស​ ខ្ញុំ​មិន​ដែល​ជួប​បញ្ហា​ទាំង​អស់​នេះ​ទេ។ នេះ​ជា​មូល​ហេតុ​​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ត្រលប់ទៅ​អង់គ្លេស​វិញ » ។

មិន​តែ​ប៉ុណ្ណោះ​​អតីត​តារា​ឆ្នើម Manchester United រូប​នេះ​បន្ថែម​ទៀត​ថា « ខ្ញុំ​តែង​តែ​បង់​ពន្ធ​​របស់​ខ្ញុំ​ជា​និច្ច មិន​ថា​នៅ​ប្រទេស​អង់គ្លេស ឬ​ប្រទេស​អេស្ប៉ាញ»។ ការ​និយាយ​បែប​នេះ​ក្រោយ​រូប​គេ​ចេញ​មុខ​ប្រកែក​ម្ដង​ហើយ​ម្ដង​ទៀត ជុំ​វិញ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ពន្ធ​ដារ​អេស្ប៉ាញ៕

នាំមកជូនដោយ​ : KhmerBall.Com
ទៅដល់ PSG ភ្លាម Neymar រក​ចំណូល​ឲ្យ​​ក្លឹប​បាន​ប្រាក់​លាន​ដុល្លារ​ត្រឹម​ថ្ងៃ​ដំបូង

គិត​ត្រឹម​១​ថ្ងៃ​ដំបូង នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ PSG លក់​អាវ​យឺត​ ម្ចាស់​អាវ​លេខ 10 Neymar បាន​ជាង​១​លាន​អឺរ៉ូ។ ទឹក​ប្រាក់​សរុប​នេះ​បាន​មក​ពី​ការ​លក់​អាវ​ចំនួន ១០ ០០០ អាវ ដែ​ល​អាវ​មួយ​មាន​តម្លៃ ជាង​១០០ អឺរ៉ូ។


បើ​សិន​ក្លឹប​របស់​មហា​សេដ្ឋី​ប្រទេស​កា​តា អាច​បន្ត​លក់​ដាច់​ដូច្នេះ​រហូត អ៊ីចឹង​ក្លឹប​នឹង​អាច​កើប​លុយ​មក​វិញ​ ក្នុង​ការ​ទិញ​តារា​វ័យ​ក្មេង​សញ្ជាតិ​ប្រ​ស៊ីល​ ២២២ លានអឺរ៉ូ នៅ​ពាក់​កណ្ដាល​ ខែ​មីនា​ឆ្នាំ​ក្រោយ ក្នុង​រដូវ​កាល​ដំបូង​សម្រាប់​កុងត្រា​៥ឆ្នាំ​របស់ ​Neymar។ នេះ​បើ​តាម​ Channel Newsasia។
យ៉ាង​ណា​ក្តី ចំណូល​ពីការ​លក់​អាវ​យឺត​មិន​មែន​បាន​មក​ក្លឹប​ទាំង​អស់​ទេ គឺត្រូវ​ចែក​គ្នា​ជាមួយ​​ក្រុមហ៊ុន​ផលិត​ខោអាវ​យីហោ Nike។
Neymar បានផ្ទេរពី Barcelona មកក្លឹបយក្សបារាំង PSG ក្នុង​តម្លៃ​ថ្លៃ​បំផុត​ ក្នុង​កំណត់​ត្រា​បាល់​ទាត់ ជាមួយ​ទំហំ​ទឹក​ប្រាក់​ ២២២​លានអឺរ៉ូ៕

នាំមកជូនដោយ​ : KhmerBall.Com




​ឃើញ PSG ទិញ Neymar, Monaco ចាប់​ផ្ដើម​ទិញ​ខ្សែ​ប្រយុទ្ធ​ដែរ

ជើង​ឯក​លីគ ១ របស់​បារាំង​កាល​ពី​រដូវ​កាល​មុន AS Monaco បាន​​​ដេញ​ថ្ងៃ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឈីលី​ Alexis Sanchez នូវ​ទឹក​ប្រាក់​ចំនួន ៤៥​លាន​ផោន​នេះ​បើ​តាម​សារព័ត៌មាន​​អង់គ្លេស​ The Sun ។




អ្នក​ចាត់​ការ​ទូទៅ​របស់ Arsenal លោក Arsene Wenger ​បាន​ចេញ​មុខ​បដិសេធ​រួច​មក​ហើយ​ថា ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​ឈីលី​រូប​នេះ​​មិន​មែន​សម្រាប់​លក់​នោះ​ទេ។ ប៉ុន្តែ​ដោយ​ឃើញ​គូ​ប្រជែង​ក្នុង​លីគ​ ១​ របស់​បារាំង​ដូច​គ្នា​ PSG បាន​ទិញ​ Neymar ​ក្នុង​តម្លៃ ២២២​លាន​អឺរ៉ូ​ពី​ Barcelona ​ធ្វើ​ឲ្យ​ Monaco ​នៅ​មិន​សុខ​ក៏​ចាប់​ផ្ដើម​ដេញ​ថ្លៃ​ Sanchez ​តែ​ម្ដង។
​ទោះ​ជា​យ៉ាង​ណា​​ Sanchez ​កំពុង​ត្រូវ​បាន​ក្លឹប​ Man City តាម​ប្រមាញ់​ដូច​គ្នា​កាល​ពី​ពេល​កន្លង​ទៅ ​​ជា​មួយ​គ្នា​នោះ PSG ក៏​ធ្លាប់​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឈីលី​នេះ​​ដែរ​។ ​ប៉ុន្តែ PSG ទំនង​​ផ្អាក​ការ​ទិញ​​កីឡាករ​ហើយ ក្រោយ​ជោគជ័យ​ទិញ​បាន ​Neymar ៕ ​​

នាំមកជូនដោយ​ : KhmerBall.Com



Neymar៖ ខ្ញុំ​ចេញពី​ Barca គឺ​ធ្វើ​តាម​បេះដូង មិនមែន​ដោយ​សារ Messi ទេ



មុន​នេះបន្តិច ក្លឹប​យក្ស​បារាំង PSG បាន​ធ្វើ​សន្និសីទ​កាសែត​​បង្ហាញ​ជា​ផ្លូវ​ការ​​របស់​ Neymar ដែល​ទើប​តែ​ផ្ទេរ​ពី Barcelona កាល​ពី​ព្រឹក​មិញ​ក្នុង​តម្លៃ​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់​ទាត់ ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​ ២២២​លានអឺរ៉ូ។


កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ជា​ច្រើន​ពី​សំណាក់​​អ្នក​សារព័ត៌មាន ដែល​ក្នុង​នោះ​កមាន​សំណួរ​ទាក់​ទង​នឹង​មូល​ហេតុ​នៃ​ការ​ចាក​ចេញ​របស់​រូប​គេ និង​ម្ចាស់​ពាន Ballon D'or ៥ សម័យ Messi ផង​ដែរ។

ទាក់​ទង​នឹង​សំណួរ​គេ​បាន​សួរ​ថា តើ Neymar ចាក​ចេញ​ពី Barca ដោយ​សារ Messi? កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​បដិសេធ ហើយ​ថែម​ទាំង​​សរសើរ​  Messi និង​ថា​កីឡាករ​ឆ្នើម​របស់​អាហ្សង់ទីន​រូប​នេះ គឺ​ជា​កីឡាករ​ដែល​ខ្លួន​យក​គំរូ​តាម។

  ចំ​ពោះ​មូល​ហេតុ​នៃ​ការ​មក​ក្លឹប​យក្ស​បារាំង​នេះ​វិញ Neymar បាន​ឆ្លើយ​ថា "បេះដូង​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា​ដល់ពេលទៅ Paris Saint-Germain ហើយ​"។ "ខ្ញុំ​​ពិត​ជា​រីករាយ​ខ្លាំង​ណាស់ ខ្ញុំ​មិន​​អាច​បរិយាយ​​អារម្មណ៍​ពេល​នេះ​បាន​ទេ។ ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជួយ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ខ្ញុំ​មក​ដើម្បី​ក្រេប​ការ​ប្រកួតប្រជែង​ថ្មី និង​ឈ្នះ​ពាន"។ សម្ដី Neymar.
 ​

ក្នុង​អំឡុង​​ពេល​លេង​ឲ្យ​ក្លឹប Barca អស់​រយៈ​ពេល ៤រដូវ​កាល កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​​ស៊ុត​បញ្ចូល​ទី បាន ៦៨គ្រាប់ បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៣៨ គ្រាប់ និង​បង្កើត​ឱកាស​ក្នុង​ការ​ស៊ុត​រហូត​ដល់​ទៅ ២៨៧ ដង។ Neymar នឹង​ពាក់​អាវ​លេខ ១០ នៅ​ក្នុង​ PSG៕


* នាំមកជូនដោយ: KhmerBall Live