មុននេះបន្តិច ក្លឹបយក្សបារាំង PSG បានធ្វើសន្និសីទកាសែតបង្ហាញជាផ្លូវការរបស់ Neymar ដែលទើបតែផ្ទេរពី Barcelona កាលពីព្រឹកមិញក្នុងតម្លៃថ្លៃបំផុតក្នុងកំណត់ត្រាបាល់ទាត់ ជាមួយនឹងទំហំទឹកប្រាក់ ២២២លានអឺរ៉ូ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានឆ្លើយតបទៅនឹងសំណួរជាច្រើនពីសំណាក់អ្នកសារព័ត៌មាន ដែលក្នុងនោះកមានសំណួរទាក់ទងនឹងមូលហេតុនៃការចាកចេញរបស់រូបគេ និងម្ចាស់ពាន Ballon D'or ៥ សម័យ Messi ផងដែរ។
ទាក់ទងនឹងសំណួរគេបានសួរថា តើ Neymar ចាកចេញពី Barca ដោយសារ Messi? កីឡាករវ័យ២៥ឆ្នាំបានបដិសេធ ហើយថែមទាំងសរសើរ Messi និងថាកីឡាករឆ្នើមរបស់អាហ្សង់ទីនរូបនេះ គឺជាកីឡាករដែលខ្លួនយកគំរូតាម។
ចំពោះមូលហេតុនៃការមកក្លឹបយក្សបារាំងនេះវិញ Neymar បានឆ្លើយថា "បេះដូងរបស់ខ្ញុំប្រាប់ខ្ញុំថាដល់ពេលទៅ Paris Saint-Germain ហើយ"។ "ខ្ញុំពិតជារីករាយខ្លាំងណាស់ ខ្ញុំមិនអាចបរិយាយអារម្មណ៍ពេលនេះបានទេ។ ខ្ញុំមកទីនេះដើម្បីជួយក្រុមឈ្នះពានជាច្រើនតាមដែលអាចធ្វើបាន។ ខ្ញុំមកដើម្បីក្រេបការប្រកួតប្រជែងថ្មី និងឈ្នះពាន"។ សម្ដី Neymar.
ក្នុងអំឡុងពេលលេងឲ្យក្លឹប Barca អស់រយៈពេល ៤រដូវកាល កីឡាករវ័យ២៥ឆ្នាំរូបនេះស៊ុតបញ្ចូលទី បាន ៦៨គ្រាប់ បញ្ជូនឲ្យមិត្តរួមក្រុមបាន ៣៨ គ្រាប់ និងបង្កើតឱកាសក្នុងការស៊ុតរហូតដល់ទៅ ២៨៧ ដង។ Neymar នឹងពាក់អាវលេខ ១០ នៅក្នុង PSG៕
* នាំមកជូនដោយ: KhmerBall Live
No comments:
Post a Comment